សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការគាំទ្រពីស្ថានទូតអៀរឡង់តាមរយៈអង្គការអុកស្វាមនៅកម្ពុជា Oxfam in Cambodia បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងកម្រិតបច្ចេកទេសស្តីពី «ការអភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង ស្របតាមប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជា» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំឆ្លុះបញ្ចាំងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមក្នុងគម្រោង Climate Resilience for All (CREFA) អំពីការអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាព ពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង និងប្រមូលធាតុចូលសំខាន់ៗ ដើម្បីកំណត់សកម្មភាព និងការគាំទ្របច្ចេកទេសបន្ថែម សម្រាប់ជួយគ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធវដ្តករសាស្ត្រហិរញ្ញវត្ថុប្រកបដោយចីរភាពសម្រាប់វិស័យធនាគារនៅកម្ពុជាដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា គឺជាក្របខណ្ឌដ៏សំខាន់មួយ ដែលនឹងជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុកំណត់ អភិវឌ្ឍ និងគ្រប់គ្រងផលិតផលហិរញ្ញប្បទានបៃតងឱ្យស្របតាមស្តង់ដារជាតិ និងការអនុវត្តអន្តរជាតិ។

លោកក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុបន្តសហការជាមួយសមាគម ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម ដើម្បីពង្រឹងការអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព អភិវឌ្ឍផលិតផលហិរញ្ញប្បទានបៃតង និងរួមចំណែកអនុវត្តគោលនយោបាយហិរញ្ញវត្ថុប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។

គួរជម្រាបជូនផងដែរថា កិច្ចប្រជុំឆ្លុះបញ្ចាំងដ៏មានសារៈសំខាន់នេះក៏មានការអញ្ចើញចូលរួមពី លោក សុខ ឃីម តំណាង អង្គការអុកស្វាម នៅកម្ពុជា លោក Wilson Soo តំណាងក្រុមហ៊ុន Sevea Consulting ព្រមទាំងក្រុមការងារបច្ចេកទេស និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនគ្រឹះស្ថានផងដែរ៕